Tuesday, July 3, 2012
អាវភ្លៀង អំណាយសម្តេចតេជោ និងលោកជំទាវ ត្រូវបានផ្តល់ជូនកងកម្លាំង នៅជួរមុខ ទិសយោធភូមិភាគទី៣
លោកឧត្តមសេនីយ៍ឯក គីម ប៊ុនថាន នាំយកអាវភ្លៀង អំណាយសម្តេចតេជោនិងលោកជំទាវ ទៅផ្តល់ជូនកងកម្លាំងនៅជួរមុខទិសយោធភូមិភាគទី៣
កោះកុង: នៅទីបញ្ជាការវរសេនាតូចលេខ២ កោះយ៉ ចំណុះកងពលតូចលេខ៣១ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នៅសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ បានរៀបចំពិធីប្រគល់អាវភ្លៀងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់កងកម្លាំង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសយោធភូមិភាគទី៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក គីម ប៊ុនថាន នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន និងជាអគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ និង មានការអញ្ជើញចូលរួមពីនាយទាហាន នាយនគរបាល ជាន់ខ្ពស់ ក្នុងជួរគណៈបញ្ជាការសមរភូមិទិសយោធភូមិភាគទី៣។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ឧត្តមសេនីយ៍ឯក គីម ប៊ុនថាន ក្នុងនាមលោកនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះកងទ័ព ,កងនគរបាលជួរមុខកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែននៅទិស យោធភូមិភាគទី៣ ដែលកន្លងមក បានធ្វើពលីកម្មគ្រប់បែបយ៉ាង អនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាដ៏មានប្រសិទ្ធភាពរបស់សម្តេចតេ ជោ ក្នុងសិទ្ធិស្វ័យការពារទឹកដីកន្លងមក។
លោកឧត្តមសេនីយ៍ ឯកបានបន្តថា ការផ្តល់អាវភ្លៀង ក្នុងខណៈពេលនេះគឺមានសារៈសំខាន់បំផុតស្របទៅនឹងពេលដែលរដូវវស្សានឹង ឈានចូលមកដល់។
លោកឧត្តមសេនីយ៍ឯក គីម ប៊ុនថាន បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និង ពលទាហាន និងកងនគរបាលទាំងអស់ ត្រូវមានការប្រុងប្រយត្ន័ជានិច្ច និងគ្រប់គ្រងកម្លាំងឲ្យបានល្អ ថែរក្សាទុកដាក់នូវអាវុធយុទ្ធភណ្ឌ និងគ្រឿងបំពាក់នានាឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជីកលេណដ្ឋានឲ្យបានរឹងមាំ និងត្រូវខឹតខំហ្វឹកហ្វឺនលើគ្រប់មុខជំនាញ ដើម្បីឲ្យក្លាយជា កងទ័ព, កងនគរបាលអាជីព មានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។
ទន្ទឹមនឹង នោះដែរ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការកសាង និងពង្រីកជីវភាពគ្រួសារតាមរយៈការដាំដំណាំគ្រប់ប្រភេទ និងចិញ្ចឹមសត្វ ដើម្បីលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ ឡើងថែមទៀត។
ក្នុងនាមនាយទាហាន នាយទាហានរង ពលទាហាន និងកងកំលាំងនគរបាល ដែលឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនជួរមុខទិសយោធភូមិភាគទី៣ ទាំងមូល សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកជំទាវគតិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភអាវភ្លៀងដល់កងទ័ព, កងនគរបាល សំរាប់ត្រៀម លក្ខណៈមុនពេលរដូវរភ្លៀងចូលមកដល់។ ការជួយឧបត្ថម្ភនេះ គឺមានជារៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និង រដូវរងារផ្តល់អាវរងារបន្ថែមលើការជួយឧបត្ថម្ភគ្រឿងបំពាក់ដល់កងទ័ព មានគ្រប់លទ្ធភាព និងគ្រប់សមត្ថភាពប្រយុទ្ធ ជួយដល់ការកសាងផ្លូវគមនាគមន៍ ផ្លូវចល័តខ្វាត់ខ្វែង តាមព្រំដែន ជួយកសាងភូមិឃុំអភិវឌ្ឍន៍ កសាងអគារស្នាក់នៅ អគារទីបញ្ជាការ ផ្ទះគ្រួសារកងទ័ព ស្រះទឹក អណ្តូងទឹក ដីបង្កបង្កើនផល មានមន្ទីរពេទ្យ សាលារៀន វត្តអារាម ធ្វើឲ្យកងទ័ពកាន់តែមានលំនឹងក្នុងការប្រយុទ្ធ និងត្រៀមប្រយុទ្ធអនុវត្តសិទ្ធិស្វ័យការពារទឹកដី។
កត្តា ទាំងនេះ គឺបានធ្វើឲ្យកងទ័ព និងកងនគរបាល ព្រមទាំងគ្រួសារនៅសមរភូមិមុខ និង ប្រជាពលរដ្ឋ ព្រះសង្ឃ តាមបណ្តោយព្រំដែនទាំងអស់ បានប្តេជ្ញាការពារនិងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដី និងគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅអាណត្តិទី៥ និងអាណត្តិក្រោយៗទៀត ហើយបានចាត់ទុកលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាបងស្រីម្នាក់ ជាមាតាម្នាក់ដ៏កក់ក្តៅ ព្រមទាំងគាំទ្រលោកជំទាវគតិព្រឹទ្ធបណ្ឌិតជាប្រធានកាកបាទក្រហមកម្ពុជា ជារៀងរហូត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment