Tuesday, July 3, 2012
ចក្រភពអង់គ្លេសមានកម្មវិធីនយោបាយ ជំរុញសេដ្ឋកិច្ចសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ
Give our kids a better deal
លោក Jeremy Browne អនុរដ្ឋមន្ត្រី នៃការិយាល័យការបរទេស នៃចក្រភពអង់គ្លេស ចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបថត : ស៊ីវ ចាន់ណា)
ភ្នំពេញ: លោក Jeremy Browne អនុរដ្ឋមន្ត្រី នៃការិយាល័យការបរទេស នៃចក្រភពអង់គ្លេស បានចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ នៅវិមានសន្តិភាព។
បន្ទាប់ពីបញ្ចប់ជំនួប លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោក Jeremy Browne ជម្រាប់ជូនសម្ដេចនាយករដ្ឋមន្ត្រីថា នេះជាដំណើរទស្សនកិច្ចលើកទី១ ក្នុងឆាកជីវិតរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជាយើង។ លោក Jeremy បានបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកម្មវិធីនយោបាយរបស់ចក្រភពអង់គ្លេស ក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងតំបន់អាស៊ីអាគ្នេយ៍”។
លោក Jeremy Browne បានមានប្រសាសន៍ថា ចក្រភពអង់គ្លេសមានកម្មវិធីនយោបាយ ធ្វើការឲ្យកាន់តែជិតស្និទ្ធឡើងជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដែលកំពុងមានទំនាក់ទំនងល្អ ធ្វើការជាមួយគ្នាមានភាពជិតស្និទ្ធ ជំរុញសេដ្ឋកិច្ច និងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំឡើង។
ក្នុងន័យនេះដែរ លោក Jeremy ក៏បានធ្វើការកត់សម្គាល់ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង មានភាពអនុគ្រោះយ៉ាងខ្លាំងក្នុងការធ្វើធុរៈកិច្ច ដើម្បីឲ្យបានជាការទទួលជោគជ័យ។ លោកបានបន្តថា អ្វីដែលលោកស្វែងយល់នោះ គឺកម្ពុជាមានការងាយស្រួលក្នុងការធ្វើធុរៈកិច្ចទទួលជោគជ័យ ដោយមិនមានការិយាល័យធិបតេយ្យច្រើននោះឡើយ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងសម្ដែងនូវក្ដីរីករាយយ៉ាងខ្លាំង ចំពោះកម្មវិធីនយោបាយរបស់ចក្រភពអង់គ្លេស។ សម្ដេចក៏បានមានប្រសាសន៍ផងដែរថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ តាមរយៈកម្មវិធីនយោបាយនេះ នឹងមានការរីកចម្រើន ហើយជាងនេះទៅទៀត ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់ចក្រភពអង់គ្លេស មកកាន់កម្ពុជា សម្ដេចតេជោមានក្ដីសង្ឃឹមថា នឹងមានការរីកចម្រើន។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណជូនចំពោះចក្រភពអង់គ្លេសដែលកន្លងមក តែងតែផ្ដល់ជាជំនួយជួយដល់កម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment