Tuesday, July 3, 2012
តាមដានពត៏មានថ្មីៗ
កម្មករកាត់ដេរ បាតុកម្ម បិទផ្លូវជាតិលេខ៤ នៅជិតផ្សារបែកចាន ស្រុកអង្គស្នួល
(ថ្ងៃទី 4 កក្កដា 2012, ម៉ោង 09:55:AM) | ដោយ: រតនា
ខេត្តកណ្តាល: កម្មកររោងចក្រកាត់ដេរ តៃយ៉ាង ដែលមានទីតាំងស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ជាង ៣.០០០ នាក់ ដឹកនាំដោយលោករ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា បានតវ៉ាបិទផ្លូវជាតិលេខ ៤ ម្តុំផ្សារបែកចាន នាព្រឹកម៉ោងប្រហែល ៨ ថ្ងៃទី៤កក្កដា ឆ្នាំ២០១២។ មកដល់ម៉ោងជាង ៩ព្រឹកនេះ កម្មករនៅតែបន្តឈរបិទផ្លូវ ដោយគ្មានដំណោះស្រាយ។
លោក រ៉ុង ឈុន ដែលចូលរួមតវ៉ាជាមួយនឹងកម្មករ បានឲ្យដឹងថា ការតវ៉ាឈរបិទផ្លូវជាតិលេខ៤ ដោយសារតែភាគីរោងចក្រកាត់ដេរ តាយ យ៉ាង បានចាក់មេក្រូរំខានដល់ការតវ៉ារបស់កម្មករនៅមុខរោងចក្រកាត់ដេរ។ កម្មកររោងចក្រកាត់ដេរ តាយ យ៉ាង ក៏ទាមទារនូវលក្ខខណ្ឌ ៥ ចំណុច រួមមាន ប្រាក់អត្ថប្រយោជន៍សម្រាប់កម្មករ ប្រាក់ថ្លៃធ្វើដំណើរ និងស្នាក់នៅ ១៥ ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃទឹកដោះគោ សម្រាប់កម្មការិនី ដែលមានកូនខ្ចីចំនួន ១៥ ដុល្លារ ក្នុងមួយខែ ប្រាក់រង្វាន់ទៀងទាត់ ១៥ដុល្លារក្នុងមួយខែ និងទាមទារកុំឲ្យថៅកែរោងចក្រកាត់ប្រាក់ខែកម្មករ នៅពេលដែលពួកគេសុំច្បាប់ឈប់សម្រាកជាដើម។
លោក រ៉ុង ឈុន បន្តថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ លោកនឹងដឹកនាំកម្មករ ដើរហែក្បួនចេញពីរោងចក្រកាត់ដេរ តៃយ៉ាង ទៅកាន់ការិយាល័យផ្ទះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថានទូតអាមេរិក និងសហគមន៍អឺរ៉ុប ដើម្បីស្វែងរកអន្តរាគមន៍។
ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមកម្មករប្រដាប់ដោយដំបង និងដុំថ្ម បានឈរបិទផ្លូវជាតិលេខ៤ នៅម្តុំផ្សារបែកចាន បណ្តាលឲ្យកកស្ទះចរាចរណ៍ជាង ២ គីឡូម៉ែត្រ។ កម្លាំងប៉ូលិសខេត្ត និងអភិបាលខេត្តកណ្តាល កំពុងចុះទៅអន្តរាគមន៍លើករណីនេះ។
លោកស្នងការបានបន្ថែមថា លោករ៉ុង ឈុន ដឹកនាំកម្មករធ្វើបាតុកម្មនេះ ដើម្បីតែបម្រើផលប្រយោជន៍គណបក្សប្រឆាំងប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
ក្រុមប្រឹក្សាឃុំអាណត្តិទី៣ ចំនួន ២ ឃុំ ចូលកាន់តំណែង នៅស្រុកកំរៀង
ReplyDelete(ថ្ងៃទី 4 កក្កដា 2012, ម៉ោង 10:25:AM) | ដោយ: មង្គល
បាត់ដំបង: ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ ចំនួន ២ ឃុំ នៅក្នុងស្រុកកំរៀង បានប្រកាសចូលកាន់តំណែងហើយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ ដើម្បីបំពេញការងាររបស់ខ្លួន បន្ទាប់ពីប្រជាពលរដ្ឋពេញចិត្តបោះឆ្នោតជ្រើសរើសឲ្យដឹកនាំ និងបម្រើពលរដ្ឋធ្វើឲ្យឃុំសង្កាត់រើកចម្រើនទៅមុខទៀត។
ការប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងនៅឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោកជា សុផាត អភិបាលស្រុកកំរៀង និងមន្ត្រីរាជការក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី២ ព្រមទាំងប្រជាពលរដ្ឋអាជីវករចូលរួមជាច្រើននាក់ផងដែរ។
លោក ជា សុផាត អភិបាលស្រុកកំរៀងបានមានប្រសាសន៍ថា ទោះបីក្រុមប្រឹក្សាអាណត្តិទី២ ត្រូវបានបញ្ចប់ក្ដី ប៉ុន្តែការអភិវឌ្ឍន៍ឃុំសង្កាត់មិនមែនបញ្ចប់ដែរទេ គឺក្រុមប្រឹក្សាអាណត្តិទី៣ថ្មីនេះ បន្តធ្វើទៅទៀតសំដៅធានាឲ្យមាននិរន្តរភាព ក្នុងកិច្ចការរដ្ឋាបាល និងការផ្ដល់សេវាព្រមទាំងការអភិវឌ្ឍន៍នៅមូលដ្ឋាន។
លោក ជា សុផាត បានលើកឡើងនូវចំណុចគន្លឹះមួយចំនួនថា ទោះបីក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានជ្រើសរើសឡើងដោយការបោះឆ្នោត ដោយផ្ទាល់ ពីពលរដ្ឋក្នុងឃុំរបស់ខ្លួនក៏ដោយ តែត្រូវអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។ ថ្ងៃបន្ទាប់ពីប្រកាសសុពលភាពនេះ ក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវកំណត់នូវវិធានការចាំបាច់នានា និងរបៀបរបបធ្វើការងាររបស់ខ្លួនស្របតាមសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃឆ្នាំ២០១២ មានទាំងបទបញ្ជាផ្ទៃក្នុង។ ក្រោយអនុម័តហើយត្រូវចម្លងជូនអភិបាលរាធានីខេត្ត។
បន្ទាប់ពីពិនិត្យបទបញ្ជាផ្ទៃក្នុងរួចមកត្រូវចម្លងជូនរដ្ឋាបាលក្រុង ស្រុក ខណ្ឌ ខេត្ត ដើម្បីសហការការងារនេះ។ កិច្ចការបន្តត្រូវប្រជុំដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និងគម្រោងអាជីវកម្មនានាដែលនៅសេសសល់។
ក្នុងករណីពិនិត្យឃើញមាន គម្រោងមួលនិធិឃុំ ទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកសេវាកម្មដែលធ្វើលទ្ធកម្មរួចហើយ តែមិនទាន់អនុវត្តន៍ ឬ កំពុងអនុវត្តន៍ ឬ កំពុងស្ថិតក្នុងកិច្ចសន្យាដោយក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ ត្រូវទទួលខុសត្រូវបន្តរហូតបញ្ចប់គម្រោងនោះ។
លោកជា សុផាត បញ្ជាក់ទៀតថា ការងារដែលនៅសេសសល់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ដែលគាំទ្រដោយអង្គការដៃគូរ ឬអង្គការសង្គមស៊ីវិលនានាក្រុមប្រឹក្សាត្រូវសម្របសម្រួលដើម្បី បញ្ចប់គម្រោងនេះ។ ចំពោះថវិកាគម្រោងអាណត្តិចាស់ ក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវបន្តអនុវត្តន៍ថវិកានេះ ហើយរៀបចំបែបបទស្នើសុំដោយតម្គល់គំរូហត្ថលេខាឡើងវិញ នៅរតនាគារ និងធនាគាដែលមានគណនីឃុំ។
ក្រៅពីតម្គល់គំរូហត្ថលេខានេះត្រូវ ផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិទាំងសាច់ប្រាក់ ដែលមានក្នុងបេឡាឃុំ និងសាច់ប្រាក់ដែលមានក្នុងគណនីឃុំនៅរតនាគារ និងធនាគារនានានិងបុគ្គលិកឯកសារនិងកិច្ចសន្យានានាដែលក្រុមប្រឹក្សា អាណត្តិមុខ បានចុះហត្ថលេខានៅមានសុពលភាពនៅឡើយគ្រប់គ្រងរហូតបញ្ចប់។
លោក ជា សុផាត បានបន្ថែមទៀតថា ក្រុមប្រឹក្សាដែលជាប់ឆ្នោតអាណត្តិទី៣ ចូលកាន់តំណែងត្រូវពិនិត្យនិងប្រកាសទ្រព្យសម្បត្តិ ឬ បំណុលរបស់ខ្លួនផ្ញើជូនឲ្យអង្គភាពប្រឆាំងអំពើរពុករលួយ ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ។ ក្រៅពីប្រកាសទ្រព្យសម្បត្តិ ឬ បំណុលសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ត្រូវមានភារកិច្ចរួមគ្នាក្នុងការ ប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ ដើម្បីធានាឲ្យមានភាពស្អាតស្អំក្នុងឃុំសង្កាត់របស់ខ្លួន។ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបន្ត និងរក្សាឲ្យបាននូវវប្បធម៌សាមគ្គីភាពសម្របសម្រួលមិនបែងចែកពណ៌ សម្បុរ និងនិន្នាការនយោបាយតាមរយៈការចូលរួមបំពេញការងារជាក្រុមក្នុងចំណោម ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែប្រសើឡើងថែមទៀត។ នេះគឺជាគោលការណ៍ចម្បង នៃលទ្ធិប្រជាធិបតេយ្យ ដែលត្រូវមានសម្លេងចូលរួមពីមជ្ឈដ្ឋាននយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់